ព័ត៌មានកីឡា

ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា វិបត្តិជំងឺកូវីដ១៩ កែប្រែក្លាយ ជាឱកាស ហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម វៀតណាម និង ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា


គណៈកម្មាធិការជាតិ រៀបចំ កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា Camsoc បានបើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ Camsoc ស្តីពី របាយការណ៍វឌ្ឍនភាព ការងារគណៈកម្មការកីឡា និងបទបញ្ញត្តិ និងការអភិវឌ្ឍគុណផលកីឡា តាមប្រព័ន្ធហ្សូម ក្រោមការដឹកនាំ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធាន អចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិ រៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅអាគារ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

ថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំកីឡា អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ បានថ្លែងថា កិច្ចប្រជុំនេះ និយាយអំពីការរៀបចំ សេនារីយ៉ូ នៃការត្រៀមខ្លួន របស់សហព័ន្ធកីឡាជាតិ លើផែនការ អភិវឌ្ឍការហ្វឹកហាត់ កីឡាជំនាញកម្រិតខ្ពស់ សម្រាប់កីឡាករ កីឡាការិនី ដែលសហព័ន្ធទាំងអស់ ត្រូវធ្វើផែនការហ្វឹកហាត់ និងប្រមូលើផ្តុំ របស់កីឡាករ កីឡាការិនីបាញ់ឆ្ពោះ ទៅរកគោលដៅ ណាដែលបង្កើនគុណផល នៃការហ្វឹកហាត់ របស់ពួកគេទៅកាន់ កម្រិតខ្ពស់មួយធានា ឲ្យបានសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម គូបញ្ជាក់ថា កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើទិដ្ឋភាពជំនាញ ដែលក្នុងនោះ ក៏ពាក់ព័ន្ធនិងមជ្ឈមណ្ឌលជាតិ ហ្វឹកហឺ្វនកីឡា របស់ក្រសួង អប់រំ យុវជន និងកីឡា ស្តីអំពី ផែនកា ដែលត្រូវរៀបចំចំពោះកម្មវិធីហ្វឹកហាត់ នៅក្នុងស្រុកផងដែរ។

អគ្គលេខាធិការ ខាងលើ បានបញ្ជាក់ទៀតថា នៅក្នុង កិច្ចប្រជុំនេះ ឯកឧ្តមបណ្ឌិត ថោង ខុន បានណែនាំ ធ្វើយ៉ាងរួមគ្នាដោះស្រាយបញ្ហា ប្រឈមទាំងឡាយ ដែលពាក់ព័ន្ធ ចំពោះការហ្វឹកហាត់ ទាំងក្នុងស្រុក និងក្រៅប្រទេស ដូចជាការបញ្ជូនកីឡាករ ទៅហ្វឹកហាត់ នៅចិន រយៈពេលយូរ ក្នុងការត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ពិសេស គឺយុទ្ធសាស្រ្ត ជម្រុញវាយតម្លៃ តាមដានកីឡាករកីឡាការិនី ដែលមានឈាមជ័រ នៅក្រៅប្រទេស ឲ្យមានភាពស៊ីសង្វាក់គ្នា និងការហ្វឹក នៅក្នុងស្រុកដែរ។

ឯកឧត្តម បានពន្យល់ថា ក្នុងស្ថានភាពនេះ យើងមិនអាចពន្យាពេល ការហ្វឹកហាត់ របស់កីឡាករកីឡាការិនី បានទៀតទេ ពោលយើង ត្រូវឲ្យមានការប្រមូលផ្តុំហ្វឹកហាត់ ព្រោះការហ្វឹកហាត់ នៅតាមផ្ទះវាមិនអាចធ្វើឲ្យរីកចំរើន សមត្ថភាពអត្តពលិក យើងបានឡើយ គ្រាន់តែជាការក្សា នូវគុណភាពកម្លាំង ប៉ុណ្ណោះ ។ ដូច្នោះយើងចាំបាច់ ត្រូវឆ្លៀតយកឱកាស នៃវិបត្តិជំងឺកូវីដ១៩ កែប្រែក្លាយ ជាឱកាសហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម វៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា ដើម្បីទទួលបាន មេដាយឆ្លើយតបតាម ផែនការ រាជរដ្ឋាភិបាល។


សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ថោង ខុន ធ្វើឡើ តាមប្រព័ន្ធហ្សូម មានការចូលរួមពី សហព័ន្ធកីឡាជាតិ និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ដើម្បីបង្ហាញពីផែនការប្រមូលផ្តុំការហ្វឹកហាត់ ឡើងវិញ នៅក្នុងស្រុក និងការត្រៀម ខ្លួនបញ្ជូនអត្តពល តាមសហព័ន្ធទៅហ្វឹកហាត់ បង្កើនសមត្ថភាព នៅក្រៅប្រទេស៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី