ព័ត៌មានកីឡា

អាជ្ញាធរជាតិអប្សរា ចូលរួមកម្មវិធីជិះកង់ បាទីក្រម៉ា ជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី


លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា និងដោយមានការ ចូលរួម ជាអធិបតីភាពពីឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោក ស៊ូរឌើរម៉ាន់ ហាសាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានចូលរួមកម្មវិធី ជិះកង់ផ្សារភ្ជាប់ វប្បធម៌ បាទីក្រម៉ា (Batik Kroma) ដែលជាកម្មវិធីធ្វើឡើងក្រោម កិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋ ឥណ្ឌូនេស៊ី។ កម្មវិធីនេះ ធ្វើឡើងក្នុងបំណងបង្កើតទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនការផ្សព្វផ្សាយ ផ្នែកវប្បធម៌ និងទេសចរណ៍ផងដែរ។

ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ ជិះកង់នេះធ្វើឡើងក្នុងបំណងរក្សា ក៏ដូចជាបង្កើនទំនាក់ទំនង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ ការជិះកង់នេះ ក៏ដើម្បីបង្កើនការផ្សព្វផ្សាយ ផ្នែកវប្បធម៌ និងទេសចរណ៍ ពីគ្នាទៅវិញទៅមកផងដែរ។
បន្ថែមពីនេះ លោក ស៊ូឌើរម៉ាន់ ហាសាំង (Sudirman Haseng) មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ជិះកង់នេះនឹងក្លាយជាគំរូមួយដ៏ល្អប្រសើរ ដើម្បីជាការចាប់ផ្តើមនៃការក្រោកឈរឡើងវិញ ប្រយុទ្ធប្រឆាំងនឹងស្ថានការណ៍ដ៏លំបាកក្នុងវិបត្តិជំងឺកូវីដ១៩នេះផងដែរ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានកោតសរសើរ ចំពោះកម្មវិធីនេះ ថាបានបង្ហាញពី អតីតកាលរបស់ ប្រទេសកម្ពុជា ក៏ដូចជា ការបង្ហាញភាព ប្រហាក់ប្រហែលគ្នា នៃផ្នែកវប្បធម៌ និងអារ្យធម៌ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ ការរៀបចំ កម្មវិធីជិះកង់នៅក្នុង ខេត្តសៀមរាបនេះ មិនមែនជា រឿងចៃដន្យទេ ខណៈដែលខេត្តនេះ ត្រូវបានចាត់ទុកជាទីក្រុងវប្បធម៌ នៃប្រទេសអាស៊ាន សម្រាប់ឆ្នាំ២០២១-២០២២៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី