ព័ត៌មានជាតិ

បទយកការណ៍៖ ក្តាន់ញ៉ែង ជាថនិកសត្វដ៏តូចច្រឡឹង ក្នុងត្រកូលសត្វក្រចកជំពាម


ក្តាន់ញ៉ែង ឬផ្ចងតូច គឺជាប្រភេទថនិកសត្វដ៏តូចជាងគេបំផុត នៅក្នុងត្រកូលពពួកសត្វសត្វក្រចកជំពាម ដែលមានដូចជា ក្តាន់ ឈ្លូស ប្រើស រមាំង ទន្សោង និងខ្ទីង ។ល។ ក្តាន់ញ៉ែង ពុំមានស្នែងនោះទេ ហើយជាទូទៅមានទម្ងន់ប្រមាណ ២គីឡូក្រាមប៉ុណ្ណោះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះថា ៖ “នៅព្រះរាជាណាចក្រកម្ពុជាយើង ពពួកក្តាន់ញ៉ែងនេះ ស្ថិតនៅក្នុងក្រុមប្រភេទសត្វដែលមានដោយបង្គួរ ប៉ុន្តែសត្វប្រភេទនេះងាយនឹងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ឬការបណ្តើរសត្វឆ្កែទាក់ចាប់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារតែពពួកសត្វព្រៃដែលស៊ីសាច់ជាអាហារ។ ហើយក្តាន់ញ៉ែងទាំងនេះ គឺជាសត្វចូលចិត្តរស់នៅតែឯង និងរស់នៅជាគូនៅពេលរដូវបន្តពូជ។ ក្តាន់ញ៉ែងតូច គឺជាចំណីរបស់សត្វត្រកូលខ្លា មានដូចជាខ្លាពពក ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវជាដើម”។

ពាក់ព័ន្ធទៅនឹងលក្ខណៈជីវៈសាស្រ្ត ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ក្តាន់ញ៉ែងជាសត្វរស់នៅតែឯកឯង លើកលែងតែក្នុងរដូវបន្តពូជ ទើបវារស់នៅជាគូ ហើយជម្រកដ៏ល្អប្រសើរនៃសត្វនេះគឺចូលចិត្តរស់នៅតាមរន្ធឈើ ក្រហែងថ្ម វាអាចរស់នៅតាមព្រៃឈើញឹក ចង្អៀត ឬព្រៃឫស្សីដែលត្រជាក់ហើយងងឹត។ វាជាសត្វរាត្រីចរ ចំណីអាហាររបស់វាគឺពន្លករុក្ខជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និងទំពាំងឫស្សី។ ជាធម្មតា សត្វនេះធ្វើចលនាលោតត្រឹកៗ ប៉ុន្តែផ្លោះយ៉ាងរហ័សនៅពេលមានអាសន្ន តែក្រោយពីរត់បានបន្តិច តែងតែឈប់ញឹកញាប់ ហើយពិនិត្យមើលស្ថានភាពជុំវិញខ្លួនវា។ ក្នុងការទាក់ទងគ្នា ក្តាន់ញ៉ែងតូចតែងគោះជើងក្រោយលើដី ឬអង្គត់ឈើយ៉ាងរហ័សជាសញ្ញាសម្គាល់។ សត្វនេះមានសមត្ថភាពខ្ពស់ក្នុងការបង្កើតកូន ក្រោយពីបានពពោះរយៈពេលពី ១៥០ថ្ងៃ ទៅ ១៧០ថ្ងៃ ដោយបង្កើតកូនបានមួយ ជួនកាលអាចភ្លោះ តែមានដោយកម្រ។

ចំពោះការងារអភិរក្សវិញ ឯកឧត្តមរដ្ឋលេខធិការក្រសួងបរិស្ថាន គូសបញ្ជាក់ថា បើទោះបីជាក្តាន់ញ៉ែងស្ថិតក្នុងក្រុមប្រភេទសត្វដែលមានដោយបង្គួរក្នុងតំបន់ការពារធម្មជាតិក៏ដោយ តែចាំបាច់ណាស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ការពារ និងអភិរក្សដូចប្រភេទសត្វផ្សេងៗទៀតដែរ ព្រោះថាសត្វព្រៃជាសម្បត្តិធម្មជាតិ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងមានតម្លៃបំផុតសម្រាប់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ ហើយពាក់ព័ន្ធនឹងការងារអភិរក្សនេះផងដែរ ក្រសួងបរិស្ថានបានរៀបចំនូវផែនការយុទ្ធសាស្ត្រផ្សេងៗដើម្បីការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា ដោយផ្តោតសំខាន់លើការការពារព្រៃឈើដែលជាទីជម្រក កន្លែងមានចំណីអាហារ និងប្រភពទឹក ព្រោះកត្តាទាំងនេះសំខាន់ណាស់សម្រាប់ការរស់នៅរបស់សត្វព្រៃ។ ដោយសារតែមានការការពារ និងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ទើបធ្វើឱ្យសត្វព្រៃជាពិសេសប្រភេទកម្រខ្លះមានចំនួនកើនឡើងវិញ ប្រភេទមួយចំនួនមានចំនួនស្ថេរភាព និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះ ដែលក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ នឹងខិតខំបន្តការងារនេះបន្ថែមទៀត។

យោងតាមការសិក្សាមួយដឹកនាំដោយលោក Thomas E. Gray ហើយដែលបានបោះពុម្ពផ្សាយនៅ ឆ្នាំ២០១៨ ស្តីពីការគណនាដង់ស៊ីតេរបស់សត្វក្តាន់ញ៉ែងតូចនៅក្នុងឧទ្យានជាតិក្រវ៉ាញខាងត្បូងបានបង្ហាញថា ដង់ស៊ីតេរបស់វាមានជាមធ្យម ៨១ក្បាល (ចន្លោះពី ៥៧-៩៨) ក្នុងមួយគីឡូម៉ែតក្រឡា។ ហើយក្តាន់ញ៉ែងតូចធ្វើសកម្មភាពច្រើននៅចន្លោះពីម៉ោង៥ព្រឹក ទៅ ម៉ោង ៨ព្រឹក និងចន្លោះពីម៉ោង៥ល្ងាច ទៅ ម៉ោង៧ល្ងាច ហើយនៅលើដងខ្លួនពាសទៅដោយរោមពណ៌ត្នោត និងមានឆ្នូតស ៣ជួរនៅក្រោមក។ ជើងមានទំហំធំជាងម្រាមដៃមនុស្សពេញវ័យបន្តិច និងមានជើងក្រោយវែងជាងជើងមុខ។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។

ក្តាន់ញ៉ែង ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមានរស់នៅស្ទើរគ្រប់តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបរណេអូ។ យោងតាមទិន្នន័យដែលទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិរបស់ក្រុមការងារក្រសួងបរិស្ថាននាពេលថ្មីៗនេះ ក្តាន់ញ៉ែងបានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា៕

ដោយ: AKP

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង