ព័ត៌មានជាតិ

ខេត្តស្វាយរៀងបេីកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩​ ជូនដល់ប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​ ព្រះសង្ឃ​ នៅក្នុងក្រុង-ស្រុកចំនួន៣ក្នុងខេត្ត


នាព្រឹកថ្ងៃអង្គារ៥រោច​ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២១នេះ​ ឯកឧត្តម ម៉ែន​ វិបល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩​ ក្រោមអធិបតីភាព​ ឯកឧត្តម​ នាយឧ​ត្តម​សេនីយ៍ ​មាស​ សា​វ៉​ន អគ្គនាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួងការ​ពារ​ជា​តិ​ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ព្រះសង្ឃ​ ក្នុងភូមិសាស្ត្រក្រុងបាវិត។
ឯកឧត្តម ម៉ែន​ វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​បញ្ជាក់ថា​​ យុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះ គឺជាការគិតគូក្រោមការយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ​ ជូនប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន​ ក្នុងការបង្កេីនភាពស៊ាំ​ និងអង់ទីគ័រការពារ​ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩​ ជាពិសេសវ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង​ ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដំណើរការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង​ នាថ្ងៃនេះ​ មានចំនួន៣ក្រុង-ស្រុករួមមាន​៖​ (១)ក្រុងបាវិត​ មានចំនួន២ទីតាំង​ ទទួលខុសត្រូវ​ចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ​ នៃក្រសួងការពារជាតិ(២)រុកកំពង់រោទិ៍​មានចំនួន១០ទីតាំង​ ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត​ និង(៣)​ស្រុករំដួលមានចំនួន៨ទីតាំង​ ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត​។

ឯកឧត្តម​ នាយឧ​ត្តម​សេនីយ៍ ​មាស​ សា​វ៉​ន អគ្គនាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួងការ​ពារ​ជា​តិ​ មានប្រសាសន៍ថា នេះជាថ្ងៃទីមួយនៃការបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រុងបាវិត ដែលប្រព្រឹត្ត​ទៅដោយមានការសហការជាមួយរដ្ឋបាលខេត្ត-ក្រុងព្រមទាំង អាជ្ញាធរពាក់ព័ន្ធដេីម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកចាក់វ៉ាក់សាំងតាមលំដាប់លំដោយរបស់ក្រុមគ្រូពេទ្យបានរៀបចំជូន។

ឯកឧត្តម​ នាយឧ​ត្តម​សេនីយ៍​ បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ​ ជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់​ជាដេីម។ ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា​ ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ"៣ការ​ពារ​ ៣កុំ"របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម​បន្តថា​ ការគិតគូដ៏ឈ្លាសវ៉ៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានផ្តល់វ៉ាក់សាំង​ និងបានចាត់ឱ្យកងយោធពលខេមរភូមិន្ទចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ​ កម្មករ ព្រះសង្ឃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ​នៅថ្ងៃនេះ​ និងជំហានបន្តបន្តបន្ទាប់ទៀតនៅពេលខាងមុខ​ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល​ និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ។
ដោយ: មន្ទីរព័ត៍មានខេត្តស្វាយរៀង

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង