ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)”


ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី, ឯកឧត្តមទេសរដ្ឋមន្រ្តី, ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ។

“ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) ” ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ “ផែនការមេ” នេះ មានលក្ខណៈជាផែនការសមាហរណកម្មជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល (២០២១-២០៣៥) និងបណ្តា ឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើគោលបំណងសំខាន់ ៣គឺ៖
-ទី១៖ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍ ។
-ទី២៖ ខេត្តមណ្ឌលគិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិត និងជាមជ្ឈមណ្ឌលសម្រាប់តំបន់ភាគឦសាន ។
-ទី៣៖ ខេត្តមណ្ឌលគិរី ជាខេត្តដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន “ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស” ។

“ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” កំណត់ចក្ខុវិស័យសំខាន់ៗដូចខាងក្រោម៖
-ទី១៖ ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ។
-ទី២៖ ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់
ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ ២ លាននាក់ បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងដោយប្រយោលប្រមាណ ១.០០០ លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី ។
-ទី៣៖ រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់ ។
-ទី៤៖ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកប ដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ ។

តំបន់អាទិភាពសំខាន់ៗចំនួន ៦ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ដូចខាងក្រោម៖
- តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឲ្យមានតែការវិនិយោគ និងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន,
- តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច
- ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង,
- តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ,
- តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេលអនាគត ហើយដែលការអភិវឌ្ឍមានវិសាលភាពទូលំទូលាយជាងក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ, និង
- តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។

ទន្ទឹមនឹងនេះ ស្ថាប័នអនុវត្តផែនការមេនេះ ត្រូវបានស្នើឲ្យបង្កើតឡើង ដូចខាងក្រោម៖
- កម្រិតថ្នាក់ជាតិ៖ គណៈកម្មការអន្តរក្រសួងមួយ ត្រូវបានបង្កើតឡើងដើម្បីដឹកនាំ និងសម្របសម្រួលការអនុវត្ត ផែនការមេនេះ និងមានលេខាធិការដ្ឋានមួយដើម្បីធានាដំណើរការការងារប្រចាំថ្ងៃ
- កម្រិតថ្នាក់ក្រោមជាតិ៖ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី គឺជាសេនាធិការឲ្យគណៈកម្មការ អន្តរក្រសួងខាងលើ ក្នុងការជំរុញការអនុវត្តផែនការមេនេះ
- យន្តការស្ថាប័នគាំទ្រមួយចំនួន និងត្រូវបានបង្កើតឡើង ដើម្បីគាំទ្រការអនុវត្តផែនការមេនេះ ដូចជាការបង្កើតអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍អាទិភាពទាំង០៦ខាងលើ (DMO-Destination Management Organization) ដែលមានទម្រង់ជាយន្តការអន្តរក្រសួង និងយន្តការស្ថាប័នចាំបាច់នានា ។

ជាលទ្ធផល អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការមេ និងសម្រេចដូចខាងក្រោម៖
- ទី១. គាំទ្រជាស្មារតីរួមលើខ្លឹមសារសំខាន់ៗនៃ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥”។
- ទី២. ក្រុមការងារបច្ចេកទេសត្រូវបញ្ចូលបន្ថែមធាតុចូលដែលទទួលបានពីកិច្ចប្រជុំនេះ ដើម្បីរៀបចំជាសេចក្កីព្រាងចុងក្រោយ ដើម្បីគោរពជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។

ជាចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការអន្តរក្រសួង និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានសហការដ៏ល្អក្នុងការរៀបចំឯកសារដ៏មានសារៈសំខាន់នេះឡើង ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង