ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុងភូមិ ឃុំ នានា នៃស្រុកកោះសូទិនខេត្តកំពង់ចាម បានទទួលអំណោយពី រដ្ឋមន្រ្តីក្រសួងព័ត៌មាន


នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាននាំយកនូវ ស្បៀងអាហារ រួមមាន អង្ករ ៦០០ គីឡូក្រាម មី ២៤ កេស ត្រី ខ ២៤ យួរ ទឹកស៊ីអ៊ីវ ២៤ យួរ និងទឹកត្រី ២៤ យួរ មកប្រគល់ជូនដល់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុងភូមិ ឃុំ នានា នៃស្រុកកោះសូទិន។

 

តាមការបញ្ជាក់របស់ លោក យី វណ្ណ: អភិបាលនៃគណ​:អភិបាល ស្រុកកោះសូទិន ខេត្តកំពង់ចាម បានអោយដឹងថា ចាប់តាំងពីមានការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នេះមក សម្រាប់ស្រុកកោះសូទិន មានអ្នកឆ្លងចំនួន ២៨ នាក់ ក្នុងនោះជាសះស្បើយបានចំនួន ៥ នាក់ ហើយអ្នកឈឺកំពុងសម្រាកព្យាបាលនៅខេត្តកំពង់ចាម ។ សម្រាប់អ្នកដែលធ្វើ ចត្តាឡីស័ក នៅតាមផ្ទះ តាំងពីមុន មកដល់ពេលនេះ មានចំនួន ១៦៥ នាក់ ហើយត្រូវបានអាជ្ញាធរ ធ្វើការ ណែនាំមិនអោយចេញពីផ្ទះនោះទេ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានការជាប់ពាក់ពន្ធ័ និងអ្នកកើតជំងឺកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះបានទទួលអំណោយជាស្បៀង អាហារ ពី ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ជាបន្តបន្ទាប់រួចមកហើយ និងបន្តផ្តល់ ជូនបន្ថែមទៀត។

​នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានក្រើនរំលឹកដល់អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការងារនិងវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជឺងឺកូវីដ -១៩ ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន អោយបានកាន់តែខ្លាំងក្លាបន្ថែម ទៀត ហើយក្នុងនោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ក៏ត្រូវថែរក្សា និងការពារខ្លួនឯង ជា ចាំបាច់ផងដែរ តាមរយះ ៣ កុំ ៣ ការពារ ដែលជាវិធានការល្អបំផុតកុំអោយឆ្លងជំងឺកូវីដ-១៩។

ក្រៅពីនាំយកនូវស្បៀងអាហារ ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋ ធ្វើចត្តាឡីស័ក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានជូននូវថវិកា ជូនក្រុមការងារស្រុកកោះសូទិន និង កង កំលាំងនគរបាល អាវុធហត្ថ យោធា ក្នុងស្រុកកោះសូទិន ផងដែរ៕

ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង