ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបលោកជំទាវ EVA Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង


ក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ EVA Nguyen Binh ដែលបានបំពេញបេសកកម្ម ការទូតនៅកម្ពុជា ក្នុងរយៈពេល ០៤ឆ្នាំ (ឆ្នាំ២០១៧-ឆ្នាំ២០២១) ហើយបានកសាងស្នាដៃ និងសមិទិ្ធផល ជាច្រើន ក្នុងការរួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេស វិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា សម្រេចបាននូវគម្រោងវិនិយោគសាធារណៈជាច្រើន ផ្សេងទៀត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមក្នុងសកម្មភាពនាំសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ។ ជាក់ស្តែង, តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កន្លងទៅដែលដឹកនាំដោយលោកជំទាវ, រដ្ឋាភិបាល បារាំង តាមរយៈ AFD បានសន្យាថា នឹងបង្កើនទំហំឥណទានសម្បទាន ក្នុងចន្លោះពី ១០០-១២០ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងថែមទាំងជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមអ៊ឺរ៉ុប និងពីប្រភព ផ្សេងទៀតផងដែរ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។

លោកជំទាវឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងបានលើកឡើងថា ជាការពិតកម្ពុជា និង បារាំង មានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេស កិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD ។ កិច្ចសហប្រតិបត្តិការនេះ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើប្រតិបត្តិការអភិវឌ្ឍន៍របស់ ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានប្តេជ្ញាសម្រេចគោលដៅ ក្នុងការបង្កើនហិរញ្ញ-ប្បទានសហប្រតិបត្តិការ ODA ឲ្យបាន ០,៥៥% នៃផសស នៅឆ្នាំ ២០២២ ដើម្បីចូលរួម អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែ- បម្រួលអាកាសធាតុ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោនាយករដ្ឋមន្រ្តី ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកប ដោយចីរភាពក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ។ ជាមួយគ្នានេះ, លោកជំទាវក៏សម្តែងនូវមោទនភាពដែលរាជ- រដ្ឋាភិបាលកម្ពុជា បង្កបរិយាកាសវិនិយោគឯកជនដ៏ល្អប្រសើរ និងលើកទឹកចិត្តវិនិយោគគិនបរទេស ពិសេស មកពីប្រទេសបារាំងឱ្យមកស្វែងយល់ផ្ទាល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។

លោកជំទាវ ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការ នានា ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធទៅនឹងការរាលដាលនៃជម្ងឺកូវីដ-១៩ ។ ការដាក់ចេញនូវគោលការណ៍ ៣ កុំ ៣ ការពារ, វិធានការបិទខ្ទប់ដោយគ្មានការបិទ ប្រទេសទាំងមូល និងការជំរុញយ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាដើម ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត ថា កម្ពុជាបានដាក់ចេញនូវ “ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩” សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២១ ។ ពោលគឺការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅឱ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស ។ ជាមួយគ្នានេះ, ដើម្បីឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន, ក្នុងខណៈបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, កម្ពុជា បានដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍ជាច្រើន រួមជាមួយនឹងការគិតគូរជាយុទ្ធសាស្រ្ត បន្តអនុវត្តនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម ក៍ដូចជា ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ តាមរយៈ បន្តបង្កើនភាពប្រកួតប្រជែង, បន្តជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបន្តជំរុញការកែទម្រង់រចនាសម្ព័ន្ធ ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់ចំពោះផែនការយុទ្ធសាស្រ្តនៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈអភិក្រមចំនួនបីគឺ៖ ការស្តារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវអគ្គរដ្ឋទូត រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំង ដែលបាននិងបន្តគាំទ្រ ទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជូនពរលោកជំទាវ ឱ្យបានទទួលជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត នៅក្នុងភារកិច្ចដ៏ឧត្តុងឧត្តមរបស់លោកជំទាវ ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង