ព័ត៌មានកីឡា

NOCC និង CAMSOC ផ្សព្វផ្សាយចលនាអូឡាំពិក ដ៏ធំនៅកម្ពុជា ក្រោមយុទ្ធនាការ «យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣


នាថ្ងៃទី២៣ ខែមិថុនានេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំ កម្មវិធីអបអរសាទរ «ទិវាអូឡាំពិក» លើកទី១២៧ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។ ឆ្លៀតឱកាសនេះ NOCC និងគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងធ្វើការផ្សព្វផ្សាយនូវព្រឹត្តិការណ៍ ចលនាអូឡាំពិក ដ៏ធំនៅកម្ពុជា ក្រោមយុទ្ធនាការ «យើងនាំគ្នាឆ្ពោះ ទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (SEA GAMES-ASEAN PARA GAMES) ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC បានបញ្ជាក់ថា «ដើម្បីចូលរួម អបអរសាទ ទិវាអូឡាំពិក លើកទី១២៧ ឆ្នាំ២០២១ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC នឹងឆ្លៀតយកឱកាស ធ្វើការផ្សព្វផ្សាយ ព្រឹត្តិការណ៍ចលនា អូឡាំពិក ដ៏ធំនៅកម្ពុជា គឺការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលយើងទាំងអស់គ្នា ចាត់ទុកជាព្រឹត្តិការណ៍ នៃចលនាអូឡាំពិក មិនមែន សម្រាប់តែកម្ពុជានោះទេ គឺសម្រាប់ចលនា អូឡាំពិកអន្ដរជាតិទាំងមូល»។

ឯកឧត្តម ថា យុទ្ធនាការផ្សព្វផ្សាយ ទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោយ មានការជំរុញពី ឯកឧត្តម ថោង ខុន អនុប្រធាន អចិន្ដ្រៃយ៍ CAMSOC ក្នុងការរៀបចំ ឲ្យមានឧបករណ៍ សម្រាប់ផ្សព្វផ្សាយមួយ ដែលទទួលបាន ការឯកភាព ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ និងប្រធាន CAMSOC កាលពីថ្មីៗ គឺផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម អំពីស៊ីហ្គេម និងអាស៊ានប៉ារ៉ា នៅកម្ពុជា។ ដូច្នេះឯកឧត្តម បានអំពាវនាវ ដល់ប្រព័ន្ធផ្សព្វផ្សាយ ប្រជាពលរដ្ឋ និងយុវជនទូទាំង ប្រទេស ចូលរួមយុទ្ធនាការនេះទាំងអស់គ្នា។

គួរដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កាលបរិច្ឆេទ ត្រៀមធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ កីឡាប្រចាំតំបន់ខាងលើ រួចហើយ ដោយការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមវិញ នឹងដំណើរការប្រកួត ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល។ បច្ចុប្បន្នកម្ពុជា ពិសេសគណៈកម្មាធិការជាតិ CAMSOC បាននឹងកំពុងអនុវត្តការងារយ៉ាងស្វាហាប់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី