ព័ត៌មានកីឡា

កីឡាវ៉ូវីណាម នឹងរៀបចំជើងឯកអាស៊ីអាគ្នេយ៍ នាដើមឆ្នាំ២០២៣ ដើម្បីវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម


សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានទទួលការអនុញ្ញាត ពីសហព័ន្ធកីឡា វ៉ូវីណាមពិភពលោក ក្នុងការរៀបចំ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ នាខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីវាស់ស្ទង់ សមត្ថភាពរបស់ កីឡាករ-កីឡាការិនី ក៏ដូចជា ធនធានមន្ត្រីបច្ចេកទេស សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលគ្រោងប្រកួតនា ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្ដម អ៊ូ រតនា ប្រធានសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានចាត់ទុកការរៀបចំ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ គឺជាការប្រកួត Pre-SEA Games ដ៏សំខាន់សម្រាប់ កីឡាវ៉ូវីណាមកម្ពុជា ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ហើយសហព័ន្ធ នឹងដាក់វិញ្ញាសា ស៊ីហ្គេមទាំងអស់ ក្នុងការប្រកួត កម្រិតតំបន់នេះ ដើម្បីវាស់ស្ទង់ សមត្ថភាពកីឡាករ-កីឡាការិនី រួមទាំងមន្ត្រីអាជ្ញាកណ្ដាល-ចៅក្រមផង ដើម្បីដឹងពីកម្រិត សមត្ថភាពឆ្ពោះទៅសម្រេចផែនការ ដណ្ដើមមេដាយមាស យ៉ាងហោច ៩គ្រឿងជូនជាតិ ក្នុងស៊ីហ្គេមឆ្នាំ២០២៣។

យ៉ាងណាមិញ មុនឈានដល់ការធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ ពិសេស ស៊ីហ្គេមឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សហព័ន្ធកីឡាវ៉ូវីណាម ក្នុងអាណត្តិទី៤ ដែលដឹកនាំ ដោយឯកឧត្ដម អ៊ូ រតនា បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍ និងផលិត នូវធនធាន កីឡាករ-កីឡាការិនី ប្រកបដោយ គុណភាព និងសក្ដានុពល សម្រាប់ត្រៀមការប្រកួតអន្តរជាតិនានា ពិសេសលុបបំបាត់ តួឯកក្នុងក្រុមជម្រើសជាតិ ដោយជំនួសមកវិញនូវ ធនធានកីឡាករ-កីឡាការិនីឆ្នើម និងមានឆន្ទៈខ្ពស់ដើម្បីឆ្ពោះទៅ សម្រេចគោលដៅ ស៊ីហ្គេម ជាប្រវត្តិសាស្ត្រ នៅកម្ពុជាឲ្យខានតែបាន៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី