ព័ត៌មានកីឡា

បណ្តាប្រទេសភាគច្រើន ក្នុងអាស៊ីអាគ្នេយ៍ មិនយល់ព្រមនឹងការលើកពេលការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម របស់វៀតណាម


គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ កាលពី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាមួយ គណៈអចិន្ត្រៃយ៍ នៃសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ ស្តីពី ការចង់ស្នើសុំពន្យារពេល នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ លើកទៅឆ្នាំ២០២២ ឬលើកពេលរយៈពេលវែង របស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម។ ប៉ុន្តែបណ្តាប្រទេស ភាគច្រើនមិនយល់ព្រម នោះទេ ដោយសារ ការលើកពេលនេះ នឹងជះឥទ្ធិពលយ៉ាងច្រើន។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា គូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ បានកោះប្រជុំបន្ទាន់ មួយតាមប្រព័ន្ធអនឡាញ ស្តីពីការស្នើសុំពន្យារពេល ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទៅឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិ វៀតណាម ហើយគណៈកម្មាធិការជាតិ នៃបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ ជាសមាជិកបានផ្លាស់ប្តូរយោបល់គ្នា។

ដោយបណ្តា ប្រទេសទាំងនោះ បានលើកហេតុផល អំពីការប៉ះពាល់ យ៉ាងច្រើនអំពី ការត្រៀមរៀបចំ របស់ខ្លួន ជាពិសេស គឺនឹងធ្វើឱ្យរងផលប៉ះពាល់ ទៅលើគម្រោងថវិការជាតិរបស់គេនីមួយៗ ។ ពីព្រោះគម្រោងថវិកា ដែលចំណាយគឺត្រៀមចូលរួម ប្រកួតស៊ីហ្គេម សម្រាប់ឆ្នាំ២០២១ ខណៈគម្រោងថវិកាសម្រាប់ឆ្នាំ២០២២ គឺសម្រាប់គម្រោងលើព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត ដូចជា កីឡាអាស៊ី កីឡាអូឡាំពិករដូវរងារ ឬសម្រាប់ហ្គេមផ្សេងៗទៀតប៉ុណ្ណោះ។ ដូច្នេះមាន ៦ទៅ៧ប្រទេសហើយដែលជាសំឡេងភាគច្រើនមិនគាំទ្រ ដោយមានការលំបាកខ្លាំង ប្រសិនបើម្ចាស់ផ្ទះវៀតណាម លើកពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២វិញនោះ»។

ឯកឧត្តម អគ្គលេខាធិការ បន្ថែមថា អ្វីជាលទ្ធផលរួម គឺអនុប្រធានគណៈកម្មាធិការជាតិ វៀតណាមនឹងលើកសំណើរចំនួន៣ ទៅកាន់រដ្ឋាភិបាល របស់ខ្លួនដោយ សេនារីយោទី១- គឺគម្រោងការប្រកួតចាស់ដដែល ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ សេនារីយោទី២-គឺអាចពន្យារពេលរហូតដល់ខែឧសភា-មិថុនា ឬខែកក្កដា ឆ្នាំ២០២២ ។ សេនារីយោទី៣-គឺអាចពន្យារពេលវែង ដែលបន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺនៅឆ្នាំ២០២៥ ដែលដល់វេនប្រទេសថៃធ្វើម្ចាស់ផ្ទះ ឬស៊ីហ្គេម ឆ្នាំ២០២៧ ដល់វេនធ្វើម្ចាស់ផ្ទះរបស់ប្រទេសព្រុយណេ ដោយវៀតណាមអាចស្នើសុំធ្វើម្ចាស់ផ្ទះ ក្នុងចន្លោះពីរលើកនេះ ហើយសំខាន់គឺម្ចាស់ផ្ទះទាំងពីរនេះព្រមផ្តល់សិទ្ធិឱ្យវៀតណាម ឬអត់?។ នេះជាការស្ទាបស្ទង់កម្រិតជំនាញប៉ុណ្ណោះ មិនទាន់ឈានដល់កម្រិតការសម្រេចនយោបាយនៅឡើយទេ។ ដោយកម្រិតនយោបាយនេះ ដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលបញ្ហាលើកពេលរបស់ម្ចាស់ផ្ទះវៀតណាម នឹងត្រូវបើកកិច្ចប្រជុំមួយទៀត នៅ២សប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នឹងមានកិច្ចប្រជុំចុងក្រោយមួយ ថាតើការជ្រើសរើសរបស់រដ្ឋាភិបាលវៀតណាម ក្នុងសេនារីយោណាមួយ ក្នុងចំណោមសេនារីយោ៣នេះ ហើយគណៈកម្មាធិការជាតិអូឡាំពិក ទាំងអស់ ជាសមាជិកនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ សម្រេចយកឬក៏អត់? ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី