ព័ត៌មានកីឡា

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វៀតណាម ពិតជាចង់ពន្យារពេលព្រឹត្តិការណ៍ស៊ីហ្គេម ទៅឆ្នាំ២០២២ វិញ


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់នៅព្រឹកនេះថា វៀតណាម ពិតជាមានបំណងចង់ពន្យារពេល ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាចុងឆ្នាំ២០២១ ទៅខែកក្កដា ឆ្នាំ២០២២ ពិតមែន ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩។ ប៉ុន្ដែព័ត៌មាននេះនៅមិនទាន់ផ្លូវការនោះទេ ពោលគឺរង់ចាំកិច្ចប្រជុំបន្ទាន់មួយ ដែលវៀតណាមនឹងលើកយកបញ្ហាទាំងអស់ ដាក់ក្នុងអង្គប្រជុំគណៈអចិន្ដ្រៃយ៍ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាគ្នា មុននឹងសម្រេចនាថ្ងៃទី០៩ ខែមិថុនាស្អែក។

ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា «ព័ត៌មានស្តីពីការពន្យារពេល SEA Games 2021 នៅវៀតណាមមិនទាន់ផ្លូវការទេ។ NOCC បានទទួលលិខិតពី NOC វៀតណាម ថាអូឡាំពិកវៀតណាមមានបំណងចង់ពន្យារពេល រហូតដល់ខែកក្កដា ឆ្នាំ២០២២ តែត្រូវដាក់បញ្ហានេះ ទៅក្នុងអង្គប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីសួរយោបល់សិនមុននឹងសម្រេច។ កិច្ចប្រជុំបន្ទាន់នេះ នឹងត្រូវធ្វើឡើងនាវេលាម៉ោង ១រសៀលថ្ងៃទី០៩ ខែមិថុនាស្អែកតាមប្រព័ន្ធ Zoom»។

គួរបញ្ជាក់ថា តាមគម្រោងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នឹងត្រូវដំណើរការប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយម្ចាស់ផ្ទះវៀតណាម បានកំណត់កីឡាចំនួន ៤០ប្រភេទ ដើម្បីត្រៀមស្វាគមន៍ ការប្រកួតប្រជែងរបស់បណ្ដាប្រទេសនៅអាស៊ាន។ ប៉ុន្ដែដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស ក៏ដូចជាក្នុងតំបន់មិនទាន់ធូរស្រាល ទើបវៀតណាមពិចារណាអំពីការពន្យារពេលទៅឆ្នាំក្រោយ៕

 

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី