ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំគោល-ការណ៍អនុញ្ញាត (បង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មី)


នាព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោល នយោ-បាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំ គោល-ការណ៍ អនុញ្ញាត (បង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មី) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងព័ត៌មាន , ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ។ ស្របតាមបរិបទនៃការវិវឌ្ឍជាក់ស្តែង នៃឌីជីថលូបនីយកម្មរបស់កម្ពុជា, កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូលបន្ថែម និងផ្លាស់ប្តូរទស្សនទាន ដើម្បី ស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន, វឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ ពីប្រព័ន្ធអាណា ឡូកទៅជាប្រព័ន្ធឌីជីថល ។ អង្គប្រជុំ ក៏បានពិភាក្សាពីការគ្រប់គ្រង និងការប្រើប្រាស់នូវបន្ទារហ្វ្រេកង់ស៍ ៧០០ MHz ដែលមានភាពបន្ស៊ីគ្នាទៅនឹងការបង្កើតថ្នាលទូរទស្សន៍ឌីជីថលថ្មីផងដែរ ។ កិច្ចប្រជុំ បានពិភាក្សាលើចំណុចសំខាន់ៗ ចំនួន ០៤ រួមមាន៖ ១-ការអនុវត្តផែនការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅ ជាប្រព័ន្ធឌីជីថលឱ្យបាន មុនឆ្នាំ ២០២៣, ២-ការគ្រប់គ្រងនូវការប្រើប្រាស់បន្ទារហ្វ្រេកង់ស៍ ៧០០ MHz ក្នុងវិស័យសោតទស្សន៍ រួមមានទូរទស្សន៍ ឌីជីថល, ប្រព័ន្ធអ៊ីនធើណេត និងទូរស័ព្ទចល័ត, ៣-យន្តការគ្រប់គ្រង និងវិនិយោគ លើថ្នាលទូរទស្សន៍ឌីជីថលថ្មី និង ៤-ការធ្វើបច្ចុប្បន្នកម្មលើវឌ្ឍនភាពពាក់ព័ន្ធនឹងការរៀបចំ និងការគ្រប់គ្រងហេដ្ឋា-រចនាសម្ព័ន្ធប្រព័ន្ធឌីជីថលក្នុង រយៈពេល មធ្យម និងវែង ក៏ដូចជាពិភាក្សាពីលទ្ធភាពនៃការបង្កើតគំរូពាណិជ្ជកម្មសម្រាប់ ការវិនិយោគក្នុងវិស័យពាក់ព័ន្ធ នឹងប្រព័ន្ធ ឌីជីថល ។ ជាលទ្ធផល, ចំពោះយន្តការគ្រប់គ្រង និងការវិនិយោគលើថ្នាលទូរទស្សន៍ឌីជីថលថ្មី, អង្គប្រជុំបានពិនិត្យ ពិភាក្សា និងប្រៀបធៀបនូវជម្រើសយន្តការចំនួន ០៣ (បី) ផ្សេងគ្នា រួមមាន៖ ១-យន្តការគ្រប់គ្រង និងវិនិយោគដោយ វិស័យឯកជនទាំងស្រុង, ២-យន្តការសហការចម្រុះរវាងវិស័យរដ្ឋ-ឯកជន និង/ឬ ៣-យន្តការគ្រប់គ្រង និងវិនិយោគដោយ រដ្ឋទាំងស្រុង ។ ជាមួយគ្នានេះ, អង្គប្រជុំក៏បានថ្លឹងថ្លែងលើអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃជម្រើសនីមួយៗ និងបាន ឯកភាពថា៖ កិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាធាតុផ្សំគន្លឹះ និងចាំបាច់ សម្រាប់ការអភិវឌ្ឍក្នុង វិស័យសោត- ទស្សន៍របស់កម្ពុជា ។ ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធសោតទស្សន៍ ប្រកបដោយជោគជ័យ គឺជាកិច្ចការ ដ៏មានសារ-សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល ដែលការណ៍នេះមិនត្រឹមតែអាចជួយជំរុញវិស័យសេដ្ឋកិច្ច ឱ្យមានភាពរីកចម្រើន តាមរយៈការបង្កើនភាពប្រកួតប្រជែង ដែលទ្រទ្រង់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការធ្វើពិ ពិធកម្មសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់យន្តការនៃការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធឃោសនាការ ក្នុងប្រទេស ក្នុងន័យធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុម ការងារដែលដឹកនាំដោយក្រសួងព័ត៌មាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលបានខិតខំ សម្របសម្រួលការងារ ដ៏មានសារសំខាន់នេះ និងបានណែនាំឱ្យក្រុមការងាររៀបចំអនុសាសន៍ស្របតាមស្មារតី នៃអង្គប្រជុំ ដើម្បីបន្តនីតិវិធី គោរពស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី