ព័ត៌មានកីឡា

សហព័ន្ធវាយកូនឃ្លីលើតុ រំពឹងទទួលបាន លទ្ធផលល្អពីស៊ីហ្គេម ឆ្នាំនេះ


លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡា វាយឃ្លីលើតុកម្ពុជា មានប្រសាសន៍ថា សហព័ន្ធបានត្រៀម ចូលរួមប្រកួតប្រជែង នៅក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម នាថ្ងៃទី២១ ខែវិច្ឆិកា-០២ខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងក្តីរំពឹងថា នឹងអាចដណ្តើម បានលទ្ធផលដ៏គាប់ ប្រសើរណាមួយនៅក្នុងព្រឹត្តិការណ៍កីឡា រៀងរាល់២ឆ្នាំម្តងនេះ។

លោក អគ្គលេខាធិការរូបនេះបន្ថែមថា «ខ្ញុំមិនទាន់ហ៊ានសន្យាថានឹងក្រុមកីឡាករ កីឡាការិនីវាយកូនឃ្លីលើតុជម្រើសជាតិកម្ពុជាអាចឈានដល់មេដាយ ឬយ៉ាងណានោះទេ ប៉ុន្តែឆ្លងកាត់តាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក៏ដូចជាការខិតខំហ្វឹកហាត់ត្រៀមរបស់កីឡាករ កីឡាការិនីទាំងអស់ គឺយើងនឹងអាចទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរណាមួយពីការប្រកួត ស៊ីហ្គេមចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ក្តីសង្ឃឹមនៃលទ្ធផលល្អនេះ គឺដោយសារប្រភេទកីឡាវាយកូនឃ្លីលើតុ ក្នុងចំណោម១២ប្រភេទកីឡារបស់កម្ពុជានឹងចេញទៅបន្តការហ្វឹកហាត់រយៈពេល៣ខែ នៅសាធារណរដ្ឋប្រជាមាននិតចិន ដើម្បីបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត»។

លោក ស៊ុន សុទ្ធារិទ្ធ បានបន្ដថា សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ០៥នាក់ និងកីឡាការិនី០៣នាក់ ចូលរួមប្រកួតប្រជែងលើ៦វិញ្ញាសា គឺឯកត្តជន វាយគូ និងក្រុម បុរស-នារី ដែលតាមគម្រោងសហព័ន្ធមានផែនការពង្រឹងលើវិញ្ញាសាជាក្រុម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ យើងមិនទាន់អាចហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបាននៅឡើយ ដោយបច្ចុប្បន្នក្រុមកីឡាករ កីឡាការិនិកំពុងបំបែកការហ្វឹហាត់នៅតាមផ្ទះរៀងៗខ្លួន ដោយគ្រាន់តែត្រួតពិនិត្យការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ។ ទោះយ៉ាងនេះក្តី ក៏លោកបានបន្ដទៀតថា ក្រោយពេលបន្តការហ្វឹកហាត់នៅចិន រយៈពេល៣ខែនោះ សហព័ន្ធរំពឹងទុកថា ការចូលរួមប្រកួតប្រជែងរបស់ប្រភេទកីឡាវាយកូនឃ្លីលើតុ ក្នុងស៊ីហ្គេម ចុងឆ្នាំ២០២១នេះនឹងទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរណាមួយជាក់ជាមិនខាន។ ម្យ៉ាងទៀត ដោយសារកីឡាករ កីឡាការិនីសុទ្ធសឹង តែស្ថិតនៅក្នុងវ័យក្មេង ក៏ជាក្តីរំពឹងឈានឆ្ពោះទៅ ប្រកួត ប្រជែង នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ នាពេល នោះ ផងដែរ។

លោកបានដាក់ក្តីសង្ឃឹមខ្ពស់ថា មានតែការហ្វឹកហាតនៅប្រទេសចិននេះទេ ដែលអាចបង្កើននូវបច្ចេកទេស កាន់តែល្អប្រសើរ ដោយសារតែការប្រកួតក្នុងស្រុក គឺក្រុមជម្រើសជាតិទាំងនោះភាគច្រើនសុទ្ធតែដណ្តើមបានចំណាត់ថ្នាក់លេខ១ (មេដាយមាស) ដែលនេះគឺជាភាពដដែលៗរបស់ពួកគេ។ ដូច្នេះហើយការហ្វឹកហាត់នៅចិន អំឡុងខែសីហា ឆ្នាំ២០២១នេះនឹងជួបជាមួយដៃគូខ្លាំងៗនឹងជួយជំរុញឱ្យក្រុមជម្រើសជាតិ កម្ពុជា បង្កើនបាននូវបច្ចេកទេសល្អជាងការហ្វឹកហាត់ និងការប្រកួតក្នុងស្រុក ជាក់ជាមិនខាន។

សូមបញ្ជាក់ថា តាមការកំណត់បង្ហាញរបស់ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាមបាន បញ្ជាក់ប្រភេទកីឡាវាយកូនឃ្លីលើតុនេះមានវិញ្ញាសាសរុបចំនួន៧ ក្នុងនោះមានវិញ្ញាសា ផ្នែកបុរសមានឯកត្តជន, វាយគូ និងក្រុមចំនួន៣វិញ្ញាសា និងនារី៣វិញ្ញាសាដែរ គឺឯកត្តជន វាយគូ និងក្រុម និងវិញ្ញាសាចម្រុះ១វិញ្ញាសា៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី