ព័ត៌មានកីឡា

កិច្ចប្រជុំអនឡាញ CAMSOC ផ្តោតសំខាន់លើការកំណត់ទីលានប្រកួត ២ប្រភេទកីឡាចុងក្រោយ និងបន្តជំរុញផែនការសកម្មភាពគណៈកម្មការជំនាញនានា


កិច្ចប្រជុំ អនឡាញ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំកាប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធាន អចិន្ត្រៃយ៍ CAMSOC បានផ្តោតសំខាន់ ពីការកំណត់លើទីលានប្រកួត ដែលនៅសេសសល់ គឺមាន២ប្រភេទកីឡា គឺទីលានប្រកួតកីឡា បាញ់កាំភ្លើង និងទូកកានូ-កាយ៉ាក់។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារ នៃកិច្ចប្រជុំប្រចាំសប្តាហ៍នេះ ថា ការរាយការណ៍បន្ថែម ទៅលើទីលានប្រកួត ដែលនៅសេសសល់ កាលពីសប្តាហ៍មុន ដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធាន អចិន្ត្រៃយ៍ CAMSOC បានចង្អុលបង្ហាញឲ្យ ឯកឧត្តម វ៉ាត់ ចំរើន រៀបចំការកំណត់ទីលានប្រកួត នៃប្រភេទកីឡាបាញ់កាំភ្លើង និងប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់។ ក្រោយពិភាក្សាជាមួយ សហព័ន្ធកីឡាជាតិ ទាំងពីរនេះរួចមក សហព័ន្ធទាំងពីរនេះ បានឯកភាពការកំណត់ ទីលានប្រកួត ដោយទូកកានូ-កាយ៉ាក់ ធ្វើនៅមជ្ឈមណ្ឌលកីឡាលើទឹក របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) នៅខេត្តកំពត។ រីឯទីតាំងបាញ់កាំភ្លើង ធ្វើនៅខេត្តព្រះសីហនុ ដែលសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ដែលកំពុងធ្វើកិច្ចការនេះ យ៉ាងស្វាហាប់ក្នុងការរៀបចំ ទីលានប្រកួតនេះ ជាមួយនឹងវិស័យឯកជន។ នេះគឺការកំណត់លើ២ ប្រភេទកីឡាបន្ថែមទៀត នៃការកំណត់ទីតាំង ប្រកួតលើគ្រប់ប្រភេទកីឡា ទាំងអស់ ដើម្បីរៀបចំ ឲ្យបានរួចរាល់ឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម អគ្គលេខាធិការ បញ្ជាក់ជូនទៀតថា ក្រៅពីការកំណត់ ទីលានប្រកួតនេះ កិច្ចប្រជុំបានពិភាក្សា លើការត្រៀមខ្លួន ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ (ក្រោយស៊ីហ្គេមប្រមាណ២សប្តាហ៍) ដោយឯកឧត្តម យី វាសនា អគ្គលេ ខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើរបាយការណ៍ ផែនការយុទ្ធសាស្ត្រ របស់ខ្លួន ក៏ដូចជាផែនការ អភិវឌ្ឍវិស័យ កីឡាជនពិការ។

ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យ គណៈកម្មការជំនាញ មួយនេះ សហការជាមួយ គណៈកម្មការជំនាញ ពាក់ព័ន្ធដទៃៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យ មានភាពបន្ស៊ីគ្នាគ្រប់គណៈកម្មការជំនាញទាំងអស់ ក្នុងការត្រៀមខ្លួនឲ្យបានរួចរាល់ និងដំណើរការដោយរលូន ដើម្បីធ្វើឲ្យដំណើរការនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាក្រកម្ពុជាឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្រ្តផងដែរ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី