ព័ត៌មានកីឡា

ថ្នាក់ដឹកនាំ NOCC ថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលផ្ដល់អំណោយ ១ម៉ឺនម៉ាស ដល់ក្រុមជម្រើសជាតិកម្ពុជា


ថ្នាក់ដឹកនាំ NOCC ថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលផ្ដល់អំណោយ ១ម៉ឺនម៉ាស ដល់ក្រុមជម្រើសជាតិកម្ពុជា

ម៉ាសចំនួន ១ម៉ឺនម៉ាស ដែលជាអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានយកមកប្រគល់ជូនគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីបំរើដល់កីឡាករ កីឡាការិនី ជម្រើសជាតិ សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការប្រមូលផ្តុំហ្វឹកហាត់ នាពេលខាងមុន។


យោងតាមការឲ្យដឹងពី ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ចាក់ ក្នុងពិធីប្រគល់ និងទទួលម៉ាស់ ចំនួន១ម៉ឺនម៉ាស់ កាលពីថ្ងៃទី១៧ ខែឧសភាថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តំណាង នាំយកអំណោយម៉ាសចំនួន ១ម៉ឺនម៉ាស ប្រគល់ជូន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីផ្ដល់ជូនបន្ដ ទៅដល់កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិ នីមួយៗ សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃក្នុងការហ្វឹកហាត់ត្រៀម ការប្រកួតអន្ដរជាតិ នានាក្នុងឆ្នាំ២០២១។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្តទៀតថា ក្នុងនាមឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្ដល់ម៉ាសចំនួន ១ម៉ឺនមាស ដល់ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ ដែលនឹងត្រូវធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ក្នុងពេលឆាប់ៗខាងមុខ។ នេះគឺជាការគិតគូរដ៏ ឧត្ដុង្គឧត្តមចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនី ហើយក្នុងនាម កីឡាករ-កីឡាការិនី ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណជាអនេកសម្រាប់ការផ្ដល់ភាពកក់ក្ដៅ និងការផ្ដល់អំណោយរបស់ឯកឧត្តម និងលោកជំទាវ។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា «កីឡាករ-កីឡាការិនី ទាំងអស់ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីនាំមកនូវកិត្តិយសជូនជាតិ ហើយក៏ដើម្បីតបស្នងនូវការយកចិត្តទុកដាក់របស់ឯកឧត្តម និងលោកជំទាវផងដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សង្ឃឹមថា ម៉ាសនេះ នឹងធ្វើឲ្យកីឡាករ-កីឡាការិនីអាចអនុវត្តបាននូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ហើយអាចកាត់ផ្ដាច់ពីការចម្លង បើទោះបីជាកីឡាករ-កីឡាការិនី និងគ្រូបង្វឹកទាំងអស់បានចាក់វ៉ាក់សាំង ២ដងរួចមកហើយក្ដី ក៏ម៉ាសនេះនឹងប្រើជាវិធានការចាំបាច់ក្នុងការការពារ និងកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ក្នុងវិស័យកីឡាផងដែរ»។

តាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន បន្ទាប់ពីមានកិច្ចប្រជុំតាមអនឡាញ (Zoom) ជាញឹកញាប់រវាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ការប្រមូលផ្ដុំក្រុមជម្រើសជាតិ គ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងគុណផលកីឡាត្រៀមការប្រកួតអន្ដរជាតិនានា ក្នុងឆ្នាំ២០២១ ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូខាងមុខ ដែលជាស៊ីហ្គេមយុទ្ធសាស្ដ្រនៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី